ភ្នែករបស់អ្នក
 

I/ មានភាពព្រិលនៅពេលដែលមើលជិតនិងច្បាស់ល្អចំពោះការមើលឆ្ងាយ

I.1 រោគសញ្ញា

   - លាដៃទៅមុខកាន់តែឆ្ងាយដើម្បីអាន កាសែត សៀវភៅ........។ល។

   - ត្រូវការពន្លឺកាន់តែខ្លាំងដើម្បីមើលបានច្បាស់។

   - ឧស្សាហ៏ឈឺក្បាល ចុក និងរោយភ្នែកនៅពេលសម្លឹងមើលច្រើន។

   - ភ្នែកប្រេស្ប៊ីតចាប់ផ្តើមកើតមានចាប់ពីអាយុ ៤០ឆ្នាំឡើងទៅ។

 

មូលហេតុ

ភ្នែកប្រេស្ប៊ីត គឺបណ្តាលមកពី ការវិវត្តន៏ធម្មជាតិរបស់មនុស្សគ្រប់រូប។

ហេតុនេះគ្មាននរណាម្នាក់ អាចជៀសផុតឡើយ។ ខុសពីភ្នែកមីញ៉ូប អ៊ីពែមេត្រូបនិងអាស្ទីម៉ាត ដែលបណ្តាលមកពីរាងមិនប្រក្រតី នៃគ្រាប់ អាចបណ្តមកពីពូជ ឬ បរិដ្ធានទូទៅ។ ភ្នែកប្រេស្ប៊ីត គឺបណ្តាលមកពីភាពកាន់តែរឹងនិងការបាត់បង់នូវភាពយឺតរបស់កែវភ្នែក។

 

I.2 ការព្យាបាល

ភ្នែកប្រេស្ប៊ីត អាចព្យាបាលដោយប្រើប្រាស់វ៉ែនតាដែលមានកញ្ចក់ដូចខាងក្រោម:

- មួយជាន់លេខបូក (មើលបានតែជិត)

- ពីរជាន់ Bifocal (មើលបានតែជិត និងឆ្ងាយ)

- Progressive (មើលបានគ្រប់ចំងាយ)

- កែវជ័រដាក់ក្នុងភ្នែក ក៏ជាមធ្យោបាយមួយទៀត សំរាប់ជួយអោយច្បាស់នៅក្នុងការមើលជិត។

 

សូមពិភាក្សាជាមួយនឹងអ្នកឯកទេសយើងក្នុងការជ្រើសរើសយកដងវ៉ែនតាណាមួយ។

 

II/ មានភាពពុំច្បាស់លាស់នៅពេលមើលឆ្ងាយនិងច្បាស់ល្អនៅពេលមើលជិត

ឧទាហរណ៏  :  មើលកាសែតបានច្បាស់ល្អ ក៏ប៉ុន្តែមើលផ្លាកសញ្ញាតាមផ្លូវពុំបានច្បាស់នៅពេលបើកបរ។

 

II.1 រោគសញ្ញា

ឧស្សាហ៏ឈឺក្បាល ព្រិចភ្នែកច្រើន ចុក និងរោយភ្នែក ជាពិសេសនៅពេលបើកបរ លេងកីឡា និងមើលអ្វីមួយដែលស្ថិតនៅឆ្ងាយ។

 

មូលហេតុ

បណ្តាលមកពីកែវភ្នែកវែងពេក ដែលធ្វើអោយរូបភាពមើលឃើញលេចនៅពីមុខផ្ទៃបាតភ្នែក។ ដូចច្នេះរូបភាពដែលមើលឃើញ មានភាពពុំច្បាស់។

ជាទូទៅបញ្ហាភ្នែកមីញ៉ូបចាប់ផ្តើមកើតឡើងនៅពេលក្មេងចូលសាលារៀន។

 

II.2 ការព្យាបាល

ភ្នែកមីញ៉ូប អាចព្យាបាលបានដោយប្រើប្រាស់វ៉ែនតា​ កែវជ័រដាក់ក្នុងភ្នែកឬការវះកាត់ដោយបាញ់កាំរស្មី Laser។

 

ការជ្រើសរើសដងវ៉ែនតាដែលមានមុខតូច នឹងជួយអោយឃើញកញ្ចក់ស្តើង ពីព្រោះលេខដឺក្រេរបស់ភ្នែកមីញ៉ូបជាប្រភេទលេខដក។

 

III/ មានភាពរោយភ្នែកនៅពេលមើលជិត ឬឆ្ងាយ

ឧទាហរណ៏  : មើលផ្លាកសញ្ញាតាមផ្លូវល្អក៏ប៉ុន្តែមានការលំបាកក្នុងការអាន ឬមើលកុំព្យូទ័រ។

 

III.1 រោគសញ្ញា

ឧស្សាហ៏ឈឺក្បាល ព្រិចភ្នែកច្រើន ចុក និងរោយភ្នែក ជាពិពេសនៅពេលសម្លឹងមើលជិត។

 

មូលហេតុ

បណ្តាលមកពីកែវភ្នែកខ្លីពេកដែលធ្វើអោយរូបភាពដែលលោកអ្នកមើលឃើញលេចនៅពីក្រោយផ្ទៃបាតភ្នែក។

ជាទូទៅទារក និងកូនក្មេងមានជួបបញ្ហានេះ។

 

III.2 ការព្យាបាល

ភ្នែកអ៊ីពែមេត្រូប អាចព្យាបាលបានដោយប្រើប្រាស់វ៉ែនតា កែវជ័រដាក់ក្នុងភ្នែកឬ ការវះកាត់ដោយបាញ់កាំរស្មី Laser ។

 

ការប្រើប្រាស់វ៉ែនតាដែលមានរាងធំបន្តិច នឹងជួយអោយឃើញកញ្ចក់វ៉ែនតាស្តើង ពីព្រោះលេខដឺក្រេរបស់ភ្នែកអ៊ីពែមេត្រូបជាប្រភេទលេខបូក។

 

IV/ មានភាពស្រវាំង ព្រិល ឬបែកផ្សែងនៅពេលមើលជិត ឬ​ឆ្ងាយ
ឧទាហរណ៏ :  លោកអ្នកមើលអក្សរ " ត " ថាជា " គ " " ឬលេខ " ៨ "  ជាលេខ " ៩ " ។

 

IV.1 រោគសញ្ញា

ឧស្សាហ៏ឈឺក្បាល ចុក និងរោយភ្នែកនៅពេលបើកបរ អាន មើលកុំព្យូទ័រ ឬ ទូរទស្សន៏។

 

មូលហេតុ

ភ្នែកអាស្ទីម៉ាត បណ្តាលមកពីភាពកោងខុសប្រក្រតីនៃកែវភ្នែក។​ រូបភាពលេចចេញជាពីរចំណុច នៅពីមុខផ្ទៃបាតភ្នែក។ ភ្នែកអាស្ទីម៉ាតអាចភ្ជាប់មកនូវបញ្ហាផ្សេងៗទៀតដូចជា ភ្នែកមីញ៉ូប ឬ​ អ៊ីពែមេត្រូប។

 

IV.2 ការព្យាបាល

ភ្នែកអាស្ទីម៉ាត អាចព្យាបាលបានដោយការប្រើប្រាស់វ៉ែនតា ឬ​កែវជ័រដាក់ក្នុងភ្នែក។ ករណីខ្លះអាចវះកាត់តាមការបាញ់រស្មី Laser ។

 

ការប្រើប្រាស់វ៉ែនតាដែលមានទំហំតូច នឹង​ជួយអោយឃើញកញ្ចក់វ៉ែនតាស្តើង ពីព្រោះលេខដឺក្រេរបស់ភ្នែកអាស្ទីម៉ាត ជាប្រភេទលេខដក។